លោក Hossein Nejat រដ្ឋមន្ត្រីក្រសួងកិច្ចការសង្គម និងវប្បធម៌ បានព្រមានកម្ទេចមូលដ្ឋាន និងនាវាផ្ទុកយន្តហោះរបស់អាមេរិកនៅឈូងសមុទ្រ បើសិនអាមេរិកហ៊ានប្រមាថវាយប្រហារអ៊ីរ៉ង់ ។ ខណៈនេះដែរ ស្ថានការតានតឹងរវាងប្រទេសទេសទាំងពីរហាក់គ្មានថយកម្តៅនោះទេ ។
តាមសម្តីរបស់លោក Nejat បានថ្លែងដូច្នេះថា៖ «មូលដ្ឋានទ័ពរបស់អាមេរិក ស្ថិតនៅក្នុងជួរអាវុធមីស៊ីលរបស់យើង... ប្រព័ន្ធកាំជ្រួចមីស៊ីលរបស់យើងនឹងកម្ទេចនាវាផ្ទុកយន្តហោះរបស់ពួកគេ បើសិនជាគេធ្វើនូវកំហុសឆ្គងណាមួយ ។ អាមេរិកបានយល់ដឹងយ៉ាងច្បាស់ដូចថ្ងៃរះ អំពីផលវិបាកនៅក្នុងការប្រឈមមុខដោយយោធាជាមួយអ៊ីរ៉ង់» ។
សារព័ត៌មាន al-Masdar news បានផ្សាយបន្ថែមថា លោក Nejat ក៏បានបន្ថែមទៀតថា សង្គ្រាមគឺមិនស្ថិតនៅលើ«របៀបវារៈរបស់លោកត្រាំ» ហើយប្រធានាធិបតីអាមេរិកមានបំណង«រុញទីក្រុងតេអេរ៉ង់ឲ្យចរចាតាមរយៈការដាក់សម្ពាធខ្ពស់បំផុត»។
លោក Nejat ក៏បានបញ្ជាក់ថា «អ៊ីរ៉ង់ចាត់ទុកអ៊ីស្រាអែលគំរាមកំហែងសន្តិសុខ និងហានិភ័យខ្ពស់ ហើយអ៊ីរ៉ង់ក៏កំពុងតែមានការប្រឈមជាមួយអារ៉ាប៊ីសាអ៊ូឌីត, ជាមួយអាមេរិក និងជាមួយអ៊ីស្រាអែល ។ តេអេរ៉ង់កំពុងធ្វើសមរភូមិនៅព្រំដែនសត្រូវ មិនមែនធ្វើសង្គ្រាមនៅព្រំដែនរបស់អ៊ីរ៉ង់ឡើយ» ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បែនចាមីន ណេតាន់យ៉ាហ៊ូ បានធ្វើអត្ថាធិប្បាយព្រមានថា អ៊ីរ៉ង់ស្ថិតនៅក្នុងជួររបស់យន្តហោះចម្បាំងរបស់អ៊ីស្រាអែលដែលត្រូវកម្ទេច ។ សេចក្តីថ្លែងរបស់មេដឹកនាំអ៊ីស្រាអែលបែបនេះ កើតឡើងមួយសប្តាហ៍ក្រោយពីលោក Mojtaba Zolnour ប្រធានគណៈកម្មកាសន្តិសុខជាតិ និងនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់បានអះអាងថា បើអាមេរិកវាយប្រហារអ៊ីរ៉ង់ «មានពេលកន្លះម៉ោងប៉ុណ្ណោះ អ៊ីស្រាអែលនឹងខ្ទេចបាត់ពីផែនដី» ៕
No comments:
Post a Comment